កល្យាណមិត្តកថា
អត្ថបទនេះ អាចស្របតាមលក្ខណៈវិនិច្ឆ័យនៃការលុបជាបន្ទាន់របស់វិគីភីឌាពីព្រោះជា ទំព័រសាកល្បង។ លក្ខណៈវិនិច្ឆ័យនេះអនុវត្តទាំងប្រអប់ខ្សាច់ ឬទំព័រក្នុងចន្លោះឈ្មោះអ្នកប្រើប្រាស់។ សូមមើល លក្ខណៈវិនិច្ឆ័យនៃការលុបជាបន្ទាន់#G2|CSD G2។
ប្រសិនបើអត្ថបទនេះ មិនបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់ការលុបជាបន្ទាន់ទេ ឬអ្នកមានបំណងកែសម្រួល សូមលុបការជូនដំណឹងនេះចេញ ប៉ុន្តែកុំលុបការជូនដំណឹងនេះចេញពី ទំព័រដែលអ្នកបានបង្កើតដោយខ្លួនឯង។ ប្រសិនបើអ្នកបង្កើតទំព័រនេះ ហើយអ្នកមិនយល់ស្របនឹងហេតុផលសម្រាប់ការលុបដែលបានផ្តល់ឱ្យ អ្នកអាចធ្វើការជំទាស់ដោយចុចប៊ូតុងខាងក្រោម ហើយទុកសារពន្យល់ពីមូលហេតុដែលអ្នកជឿថាវាគួរតែមិនត្រូវបានលុប។ អ្នកអាចចូលឆែកមើលទំព័រពិភាក្សាផងដែរ ប្រសិនបើអ្នកបានទទួលការឆ្លើយតបចំពោះសាររបស់អ្នក។ សូមបញ្ជាក់ថា អត្ថបទនេះ អាចត្រូវបានលុបនៅពេលណាក៏បាន ប្រសិនបើវាបំពេញតាមលក្ខណៈវិនិច្ឆ័យនៃការលុបជាបន្ទាន់ដោយគ្មានការសង្ស័យ ឬរកឃើញថាការពន្យល់នៅក្នុងទំព័រពិភាក្សាមិនគ្រប់គ្រាន់។
If you have already posted to the talk page but this message is still showing up, try purging the page cache. ទំព័រនេះត្រូវបានកែសម្រួលចុងក្រោយ ដោយ Tiamichaelnuksu1994 (contribs| logs) at ០៩:០៤, ២៥ ខែធ្នូ ២០២១ (UTC) (73662822 វិនាទីកន្លងទៅ) |
កល្យាណមិត្តកថា
របស់ឧកញ៉ាសុធម្មប្រីជា កង អាចារ្យបាលីជាន់ខ្ពស់ ក្រុងភ្នំពេញ នៃ ពណ៌នាពីគុណសម្បត្តិរបស់ព្រះវិមលធម្ម នាម ថោង ចាងហ្វាងសាលាបាលីជាន់ខ្ពស់
កល្យាណមិត្តកថា
ព្រះមហាវិមលធម្ម ព្រះនាមដើម ថោង ចាងហ្វាងសាលាបាលីជាន់ខ្ពស់ ជា រឿនហ្លួង ក្រសួងសង្ឃផង បិតាឧកញ៉ាពិភក្តិវាទី រ័តន៍ មាតាឈ្មោះ ខាវ កើតនៅភូមិកំពង់ផែ ក្រុងភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ ១៣ កើត ខែចេត្រ ឆ្នាំកុរ បញ្ចស័ក ត្រូវនឹងឆ្នាំ ១៨៦៣ ពុទ្ធសករាជ ២៤០៦ លោកទទួលអនិច្ចធម្មនៅថ្ងៃអង្គារ ១៤ កើត ខែស្រាពណ៍ ឆ្នាំថោះ នព្វស័ក ត្រូវនឹងថ្ងៃ ២ ខែអ៊ូត ឆ្នាំ ១៩២៧ នៅវេលាយប់ម៉ោង ២,១០ នាទី ព្រះជន្មលោកបាន ៦៥ ឆ្នាំ កាលពីក្មេងបានអាយុ ១៣ ឆ្នាំ ចូលនៅជាកូនសិស្សសម្ដេចព្រះមហាសង្ឃរាជ សង្ឃនាយក ក្នុងវត្តឧណ្ណាលោម ។
គ្រានោះលោកចាប់រៀនព្រះត្រៃបិដកមានព្យាយាម ឧស្សាហ៍សូត្រ រៀនជាមួយឧកញ៉ាខ្ញុំ ក្នុងសំនាក់លោកឧកញ៉ាសុធម្មមេធាអាចារ្យ រ៉ត លុះលោករៀនចេះច្រើនហើយ លោកនិមន្តទៅស្រុកសៀម បង្រៀនព្រះត្រៃបិដក នៅស្រុកសៀម ហើយជាវព្រះគម្ពីរផង ក្នុងព្រះពុទ្ធសករាជ ២៤៤៤ ប្រហែលជា ១ ឆ្នាំ លោកត្រឡប់មកវិញ ។
ឯចិត្តលោកនោះក៏ល្អតែងទំនុកបម្រុងសមគួរ នឹងមិត្តសម្លាញ់ នឹងកូនសិស្សនឹងអ្នកដទៃមិនសូវរើសមុខ ហើយលោកបួសប្រព្រឹត្តតាមធម៌ តាមវិន័យល្អ ទាល់តែអស់ជីវិត លោកអង្គនោះជាកល្យាណមិត្តខ្ញុំ គឺមិត្តជាកុសលល្អ មុខគួរឲ្យស្ដាយពេកណាស់ កាលលោកគង់ព្រះជន្មនៅឡើយ ពីមុន ៗ រៀងមក បើមានការអ្វី ៗ លោកតែងឲ្យហៅរកឧកញ៉ាខ្ញុំទៅប្រិក្សាកិច្ចការជាមួយផង ហើយលោករកឧកញ៉ាខ្ញុំឲ្យប្រែធម៌ព្រះ (ពុទ្ធគុណ, ធម្មគុណ, សង្ឃគុណ) ពីបាលីអក្សរខ្មែរទៅជាអក្សរសៀមវិញ ជូនញោមសិកាលោករៀនដោយសេចក្ដីរាប់អាន ហើយលោកបានប្រើឧកញ៉ាខ្ញុំ ឲ្យប្រែបាលីជាអក្សរលង្កា ហើយលោកប្រើឲ្យតែងវិធីបក្ខ និងគម្ពីរ ជិនកាលមាលិនី ជាព្រះពុទ្ធពង្សាវតារ និងរឿងសាសនវង្ស និងបុព្វជ្ជាខន្ធក និងសាមណេរសិក្ខា ចតុបរិសុទ្ធិសីល អាគារិយវិន័យ និងព្រះត្រៃលក្ខណ៍ និងរឿងព្រះពុទ្ធសាសនាផ្សេង ៗ ជាច្រើន លោកតែងរាប់អានឧកញ៉ាខ្ញុំរៀងរាបដរាបមកដល់ថ្ងៃអាទិត្យ ៩ កើត ខែផល្គុណ ឆ្នាំជូត ចត្វាស័ក ត្រូវនឹងថ្ងៃ ១៦ ខែម៉ារ្ស៍ ឆ្នាំ ១៩១៣ ព្រះពុទ្ធសករាជ ២៤៥៥ នោះ លោកព្រះមហាវិមលធម្ម បានធ្វើជាមរប្រឡងវិធីប្រយោគ ព្រះត្រៃបិដកគន្ថធុរៈ គ្រានោះឧកញ៉ាខ្ញុំក៏បានចូលធ្វើរាជការកាន់កាប់ប្រយោគជាមួយផង ដល់មកថ្ងៃព្រហស្បតិ៍ ៩ រោច ខែចេត្រ ឆ្នាំថោះ នៅក្នុងឆស័ក គឺថ្ងៃ ៨ ខែអាវីរិល ឆ្នាំ ១៩១៥ នោះ លោកព្រះមហាវិមលធម្ម ថោង បានជាអធិបតីក្នុងសាលាបាលីក្រុងភ្នំពេញ បាននាំឧកញ៉ាខ្ញុំ និងក្រុមអាចារ្យដែលប្រឡងវិធីប្រយោគក្នុងរាជការ ទៅបង្រៀនព្រះត្រៃបិដកកូនសិស្ស ដែលប្រឡងបាននៅមន្ទីរសុធម្មវត្តព្រះកែវមរកតជាដំបូងបង្អស់ រៀងរាបដរាបដល់សាលាបាលី សព្វថ្ងៃនេះ មុនលោកនឹងទទួលមរណភាពនោះ លោកបានផ្ដាំឧកញ៉ាខ្ញុំថា ឲ្យខំបង្រៀនលោកភិក្ខុចាស់ ១ អង្គ ដែលមកអំពីស្រុកបារាយណ៍នោះ ឲ្យចេះដឹងប្រាកដផង ត្បិតលោករៀនយកបុណ្យគ្រាន់បានជាផ្លូវប្រតិបត្តិតទៅ ។
គួរឲ្យស្ដាយលោកជាកល្យាណមិត្តល្អ ប្រែថាមិត្តជាកុសល នឹងពោលពីមិត្តតទៅទៀត ឯមិត្តមាន ៤ ចំពូកគឺ ៖
១- មិត្តមានឧបការ ១ ២- មិត្តរួមសុខរួមទុក្ខ ១ ៣- មិត្តណែនាំឲ្យបានមានប្រយោជន៍ ១ ៤- មិត្តមានសេចក្ដីស្រឡាញ់ខ្ជាប់ខ្ជួន ១ មិត្ត ៤ ចំពូកនេះ ជាមិត្តពិត គួរគប់រក ។
១- មិត្ត មានឧបការមានលក្ខណៈ ៤ គឺៈ
១- បង្ការមិត្តអ្នកប្រមាទហើយ, ២- បង្ការទ្រព្យសម្បត្តិរបស់មិត្តប្រមាទហើយ, ៣- កាលមានភ័យជាទីពឹងពុំនាក់បាន, ៤- កាលមានធុរៈជួយចេញទ្រព្យឲ្យលើសជាងចេញវាចា ។
២- មិត្តរួមសុខរួមទុក្ខមានលក្ខណៈ ៤ គឺៈ
១- និយាយសេចក្ដីកំបាំងរបស់ខ្លួនប្រាប់មិត្ត, ២- បិទសេចក្ដីកំបាំងរបស់មិត្តមិនឲ្យខ្ចរខ្ចាយ, ៣- មិនលះបង់ចោលក្នុងវេលាមានវិបត្តិ, ៤- ទោះបីដល់ជីវិតក៏អាចលះបង់ជួសបាន ។
៣- មិត្ត ណែនាំឲ្យបានមានប្រយោជន៍ មានលក្ខណៈ ៤ គឺៈ
១- ហាមមិនឲ្យធ្វើសេចក្ដីអាក្រក់, ២- ណែនាំឲ្យតាំងនៅសេចក្ដីល្អ, ៣- ឲ្យបានស្ដាប់ធម៌អ្វីដែលនៅមិនធ្លាប់ស្ដាប់, ៤- ប្រាប់ផ្លូវឋានសួគ៌ ១ ។
៤- មិត្តមានសេចក្ដីស្រឡាញ់រាប់អាន មានលក្ខណៈ ៤ គឺៈ
១- មានទុក្ខ ៗ ផងគ្នា, ២- បានសុខ ៗ ផងគ្នា, ៣- ជជែកដោះស្រាយនឹងអ្នកដែលនិយាយតិះដៀលដល់មិត្ត, ៤- ទទួលសមគួរនឹងមនុស្ស ដែលជាអ្នកនិយាយសរសើរដល់មិត្ត ។
ឥឡូវនេះឧកញ៉ាខ្ញុំជាចៅក្រមក្រសួងរាជបណ្ឌិត្យ ធ្វើរាជការក្នុងសាលាបាលីជាន់ខ្ពស់ក្រុងភ្នំពេញ ខ្ញុំគិតនឹករឭកដល់កិត្តិគុណរបស់ព្រះមហាវិមលធម្ម ចាងហ្វាង រឿងហ្លួង ក្រសួងសង្ឃដែលជាកល្យាណមិត្ត គិតរកព្រះធម៌ឯណានីមួយ នឹងបានជាផលប្រយោជន៍ក្នុងព្រះពុទ្ធសាសនាក្នុងការបុណ្យសពលោកនេះ ឲ្យបានជាធម៌ល្អដែលសម្ដេចព្រះសម្មាសម្ពុទ្ធជាអម្ចាស់ទ្រង់ត្រាស់ចំពោះ នឹងព្រះសារិបុត្តថេរថា បថមតរំអនិច្ចំ ទុក្ខំ អនត្តាតិ ឧច្ចារិត្វា ជាអាទិ ភោសារិបុត្រ ម្នាលសារិបុត្រដ៏ចម្រើន ថាបើបុគ្គលមានសេចក្ដីប្រាថ្នា និងចម្រើនភាវនាធម៌ ដើមដំបូងបង្អស់នោះឲ្យសូត្រព្រះត្រៃលក្ខណ៍ គឺ អនិច្ចំ ទុក្ខំ អនត្តា ដូច្នេះជាដើមដំបូងដោយវិសេស ជាព្រះពុទ្ធដីកាប្រាកដនឹងសម្ដែងព្រះធម៌ព្រះត្រៃលក្ខណ៍តទៅ ។
អនិច្ចលក្ខណកថា អវិជ្ជាទីហិសម្ភូតា រូបញ្ចវេទនាតថា អថោសញ្ញាចសំខារា វិញ្ញាណញ្ចាតិបញ្ចិមេ ឧប្បជ្ជន្តិនិរុជ្ឈន្តិ ឯវំហុត្វាអភាវតោ ឯវំធម្មាអនិច្ចាវ តថាវកាលិកតាទិតោ អហោអនិច្ចាសំខារា តេកាលិកាអសណ្ឌិតា សកាលាកាទិកាសព្វេ ហុត្វាហុត្វានហោន្តិតេ តំកុត្តេថអព្ភាលោកេ យទុប្បន្នំននស្សតិ ឯវំភូតេសុវេភេសុ សាធុតត្វាគុបេក្ខនា បដិបត្តិយាតិសាធុកំ អប្បមាទេនសព្វថាតិ ចប់អនិច្ចលក្ខណកថា ជាបាលីសុទ្ធតែប៉ុណ្ណេះ
និច្ចលក្ខណកថា សូត្រសេចក្ដីជាភាសាខ្មែរថា ៖ អ្នកជាសាធុជនគម្បីពិចារណាថា រាងកាយ និងចិត្តដែលសម្បយុត្តជាមួយគ្នានេះ ចែកចេញជា ៥ គឺ រូប ១, វេទនា ១, សញ្ញា ១, សំខា ១, វិញ្ញាណ ១, ឯរូបនោះ គឺធម្មជាតិដែលវិនាសដោយត្រជាក់នឹងក្ដៅជាដើម ឬមានពណ៌សណ្ឋានទ្រង់ទ្រាយ ទើបចង្អុលឲ្យច្បាស់ គឺសក់, រោម, ក្រចក, ធ្មេញ, ស្បែក, សាច់ឈាម, ពោះវៀន, ក្រពះ, ថ្លើម, បេះដូង, ទឹកសម្បោរ, ទឹកមាត់, ទឹកមូត, អាហារចាស់, ដូច្នេះជាដើម ។
ឯវេទនា គឺសេចក្ដីសោយអារម្មណ៍ សេចក្ដីដឹងច្បាស់នូវអារម្មណ៍ចាត់ជា ៣ គឺ សុខវេទនា សេចក្ដីសោយនូវអារម្មណ៍ជាសុខ គឺសេចក្ដីសប្បាយកាយសប្បាយចិត្ត ទុក្ខវេទនា សេចក្ដីសោយអារម្មណ៍ជាទុក្ខ គឺសេចក្ដីមិនសប្បាយកាយមិនសប្បាយចិត្ត ឧបេក្ខាវេទនា សេចក្ដីសោយអារម្មណ៍ជា ឧបេក្ខា មិនមែនទុក្ខ មិនមែនសុខ សញ្ញា គឺសេចក្ដីចាំរូបចាំសម្លេង ចាំក្លិន ចាំរស ចាំសម្ផស្សដែលពាល់ត្រូវ ចាំអារម្មណ៍ដែលដឹងដោយចិត្ត ឯសំខា គឺសភាវៈដែលបម្រុងសម្រើបចិត្តដែលកើតឡើងក្នុងចិត្តទាំងល្អ ទាំងអាក្រក់ទាំងកណ្ដាល ៗ មិនល្អមិនអាក្រក់ ឯវិញ្ញាណ គឺចិត្តដែលដឹងច្បាស់នូវអារម្មណ៍ ដែលអាស្រ័យនូវភ្នែកឈ្មោះថា ចក្ខុវិញ្ញាណ ដែលអាស្រ័យនូវត្រចៀកឈ្មោះ សោតវិញ្ញាណ ដែលអាស្រ័យនូវច្រមុះឈ្មោះថា ឃានវិញ្ញាណ ដែលអាស្រ័យនូវអណ្ដាតឈ្មោះថា ជីវ្ហាវិញ្ញាណ ដែលអាស្រ័យនូវខ្លួនឈ្មោះថា កាយវិញ្ញាណ ដែលអាស្រ័យនូវសភាវៈ ដែលទ្រទ្រង់ទឹកចិត្តសោយអារម្មណ៍ហើយ ស្ទុះទៅចាប់ឈ្មោះថា មនោវិញ្ញាណ រាងកាយ និងចិត្តមួយមុខ ៗ ដែលកើតក្នុងចិត្តចែកជា ៥ ដូច្នេះ ។ ឯធម៌ទាំងឡាយ ៥ នេះកើតព្រមហើយអំពីធម៌ទាំងឡាយមាន អវិជ្ជា ជាដើម បង្កើតឡើងហើយរមែងរលត់ទៅវិញបានជាឈ្មោះថាមិនទៀងដូច្នេះគឺថា អនិច្ចំ ហេតុដូចម្ដេចក៏ថា អនិច្ចំ ឱ ! អនិច្ចំ នោះ ត្បិតថាមានដូច្នេះហើយ ក៏ត្រឡប់ប្រែជាមិនមានទៅវិញបានជាថា អនិច្ចំ គឺថាសេចក្ដីមិនទៀងនោះផង ។
ឯអ្នកជាសាធុជនគប្បីពិចារណានូវ ខន្ធបញ្ចក គឺប្រមាណ ៥ នៃខន្ធនោះ ភាវនាក្នុងចិត្តរំពឹងគិតថា អហោ ឱដូចជាយើងនឹកសង្វេគថា បញ្ចខន្ធ ទាំងឡាយ ៥ ឯណាជារបស់មិនទៀងជា អនិច្ចំ ដូចជារបស់ប្រកបក្នុងកាលមានប្រមាណប៉ុណ្ណោះ ឬដូចជារបស់ខ្ចីគេមក លុះយូរបន្តិចទៅគេទារយករបស់ផងគេទៅវិញ ឯ បញ្ចខន្ធ ទាំងឡាយ ៥ នោះ មិនបានឋិតថេរមាំមួនយូរប៉ុន្មានទេ ខន្ធទាំងឡាយទាំងពួង ប្រកបក្នុងកាលមានតែប៉ុណ្ណោះជាដើម មានទ្រព្យសម្បត្តិយសសក្ដិ ហើយត្រឡប់ប្រែជាមិនមានវិញបានជាឈ្មោះថា អនិច្ចំ គឺថារកទៀងទាត់កន្លែងណាគ្មានសោះឡើយ ឯខន្ធទាំងឡាយ ៥ នោះ ថាបើគួរនឹងកើតហើយ ក៏គង់តែនឹងវិនាសទៅក្នុងលោកនេះវិញ មិនបាន តាំងនៅយូរអង្វែងអស់កប្ប ១ ទេ គួរតែយើងតាំងចិត្តជា ឧបេក្ខា ក្នុង បញ្ចខន្ធ នេះ ជាកណ្ដាល ៗ កុំថាល្អកុំថាអាក្រក់ ក្នុង បញ្ចខន្ធ ទាំងឡាយ ៥ នោះ ។ ដែលកើតឡើងហើយ មានកម្លាំងខ្លាំងណាស់ ដោយពិតប្រាកដដូច្នេះឯង យើងខំឧស្សាហ៍ប្រតិបត្តិភាវនាពិចារណា ឲ្យស្រួលបួលល្អប្រពៃដោយអប្បមាទធម៌ ដោយបការទាំងពួង ឯវំ ដូច្នេះ ទៅហើង ។
ទុក្ខលក្ខណកថា អវិជ្ជាទីហិសម្ភូតា រូបញ្ចវេទនាតថា អថោសញ្ញាសំខារា វិញ្ញាណញ្ចាតិបញ្ចិមេ ឧប្បជ្ជន្តិនិរុជ្ឈន្តិ បុនប្បុនំបិឡិតត្តា ឧប្បាទេនវយេនច តេទុក្ខាវអធិប្បាយេ អថសន្តស្សតាទិតោ សព្វេសំខារាទុក្ខាតិ យទាបញ្ញាយបស្សតិ អថនិព្វិន្ទតិទុក្ខេ ឯសមគ្គោវិសុទ្ធិយាតិ ។ ចប់ទុក្ខលក្ខណកថា
ទុក្ខលក្ខណកថា សូត្រជាភាសាខ្មែរ
អ្នកជាសាធុជន គប្បីពិចារណាដោយប្រាជ្ញា ក្នុងកាលឯណាថា ឯខន្ធទាំងឡាយ ៥ នេះ គឺ រូប ក្ដី, វេទនា ក្ដី, សញ្ញា ក្ដី, សំខា ក្ដី, វិញ្ញាណ ក្ដី កើតព្រមហើយអំពីធម៌ទាំងឡាយ មានអវិជ្ជាជាដើម បង្កើតឡើងហើយ ក៏រលត់បាត់សូន្យទៅវិញ ឯខន្ធទាំងឡាយ ៥ នោះ នាំមកនូវសេចក្ដីទុក្ខ ឲ្យប្រព្រឹត្ត ទៅដោយច្រើនប្រការក្រៃពេកណាស់ អំពីហេតុដែលកើតឡើងផង ហើយវិនាសទៅវិញផង ហេតុដូចម្ដេចក៏ហៅថា ទុក្ខំ ឱ ទុក្ខំ នោះ ត្បិតថាខន្ធទាំងឡាយ ៥ នោះ តែងបៀតបៀនរឿយៗ ក្នុងសន្ដានខ្លួនសត្វឲ្យតែព្រួយចិត្ត ចង្អៀតតឹងចិត្តណាស់ បានជាឈ្មោះថា ទុក្ខំ, ១ វិញទៀតឯបញ្ចខន្ធទាំងឡាយ ទាំងពួង ដែលមានដល់សត្វប្រាកដដូច្នោះហើយរមែង នាំមកនូវសេចក្ដីទុក្ខទោមនស្សអន់ចិត្តពុំខានឡើយ អ្នកជាសាធុជន គួរតែនឿយណាយក្នុងសេចក្ដី ទុក្ខំ ក្នុងកាលនោះហោង ឯផ្លូវនេះជាផ្លូវប្រព្រឹត្តទៅ ដើម្បីឲ្យបរិសុទ្ធល្អពេកណាស់ ។
ចប់ទុក្ខលក្ខណៈ តែប៉ុណ្ណេះ
អនត្តលក្ខណកថា សព្វេធម្មាអនត្តាតិ យទាបញ្ញាយបស្សតិ អថិនិព្វិន្ទតិទុក្ខេ ឯសមគ្គោវិមុតទិយតិ
អ្នកជាសាធុជន គប្បីពិចារណាដោយប្រាជ្ញា ក្នុងកាលឯណាថា សភាវ គឺខន្ធទាំងឡាយទាំងពួងឈ្មោះថា អនត្តា ដូច្នេះ ហេតុដូចម្ដេចឈ្មោះថា អនត្តា ឱដែលឈ្មោះថា អនត្តា នោះ គឺថារកខ្លឹមសារគ្មាន និងមិនបានប្រព្រឹត្តទៅក្នុង អំណាចនៃខ្លួនបានឈ្មោះថា អនត្តា ដូច្នេះ ហើយអ្នកជាសាធុជននឿយណាយក្នុងសេចក្ដីទុក្ខ ហើយពិចារណាដល់ អនត្តា ថារកខ្លឹមសារគ្មាននឹងមិនបានប្រព្រឹត្តទៅក្នុងអំណាចនៃខ្លួនឈ្មោះថា អនត្តា ក្នុងកាលគ្រានោះឯង ឯផ្លូវនេះជាផ្លូវឲ្យរួចផុតដោយវិសេសអំពីសេចក្ដីទុក្ខទាំងពួងដូចបានពណ៌នាមកនេះហោង ។
ចប់អនត្តលក្ខណ ជាភាសាខ្មែរ
ព្រះគម្ពីរព្រះអភិធម្មត្ថសង្គហ បរិច្ឆេទទី ៤ លេខ ១២០
សម្ដែងថា ឯបរិកម្ម ជវនដែលកើតជាបឋមនោះ កាលកើតហើយ ក៏ពិចារណានូវសំខារធម៌ជា អនិច្ចំ ទុក្ខំ អនត្តា កំចាត់បង់នូវងងឹតគឺ អវិជ្ជាដែលកំបាំងប្រាជ្ញាទុកមិនឲ្យឃើញនូវព្រះចតុរារិយសច្ច កំចាត់ងងឹតដែលជ្រោកជ្រៀត គឺកុសលដែលអាក្រក់បង់ហើយ ក៏ធ្វើនូវបញ្ញាត្រៃលក្ខណ៍ គឺ អនិច្ចំ ទុក្ខំ អនត្តា នោះឲ្យប្រាកដក្រៃលែងជាងមុនហើយក៏រលត់ទៅ ។
លុះបរិកម្មជវនជាបឋមរលត់ហើយ ឧបចារជវនជាគម្រប់ពីរ ទើបបង្កើតឧចារជនទីពីរនោះ នោះជ្រះថ្លាក្លៀវក្លាល្អិតល្អក្រៃពេក ហេតុត្បិតថាបានអាសេវនបច្ច័យអំពីសំណាក់ឧបចារជវនជាបឋម ៗ នោះពិចារណាសំខារធម៌ជា អនិច្ចំ ទុក្ខំ អនត្តា ធ្វើបញ្ញាព្រះត្រៃលក្ខណ៍ឲ្យប្រាកដទៅហើយមែនពិត ធម៌ទាំងឡាយ ដែលជាលោកិយប្រកបដោយអាសវក្ដី មិនប្រកបដោយអាសវក្ដី គឺជាចំណែកលោកុត្តរក្ដី ហេតុនោះបានជាសម្ដេចព្រះសារពេជ្ញព្រះអង្គជាអម្ចាស់ទ្រង់ត្រាស់ទេសនាថា បញ្ចខន្ធដោយរកសេសសល់មិនបាន ដើម្បីនឹងសង្គ្រោះយកនូវធម៌ដែលជាសភាពមានចំណែកស្មើគ្នា គឺជារូបស្មើគ្នាជា វេទនា សំខា វិញ្ញាណ ស្មើគ្នាទួទៅក្នុងភូមិទាំង ៤ គឺ កាមាវចរភូមិ និង រូបាវចរភូមិ អរូបាវចរភូមិ និង លោកុត្តរភូមិ កាលបើត្រាស់ទេសនា សម្ដែងដោយឧបាទានខន្ធខ្លះ ទ្រង់ជ្រើសរើសរកយកតែធម៌ទាំងឡាយ ដែលប្រកបដោយអាសវ ដែលយុត្តិក្នុងភូមិទាំងបីវៀរចាកលោកុត្តរភូមិ ដើម្បីនឹងសម្ដែងនូវភូមិនៃវិបស្សនា អធិប្បាយថាយោគាវចរនឹងចម្រើនភាវនាប្រាថ្នានឹងបំណងបាននូវព្រះលោកុត្តរ នឹងយកព្រះលោកុត្តរមកជាអារម្មណ៍នៃព្រះវិបស្សនា លើកឡើងកាន់ព្រះត្រៃលក្ខណ៍ គឺ អនិច្ចំ ទុក្ខំ អនត្តា រកគូមិនបាន អាស្រ័យហេតុដូច្នេះ សម្ដេចព្រះសរពេជ្ញព្រះពុទ្ធអង្គជាអម្ចាស់ ទ្រង់វៀរបង់នូវព្រះលោកុត្តរហើយ ចំពោះយកតែធម៌ដែលប្រកបដោយអសវ ចំណែក ១ ឈ្មោះថា ឧបាទិណ្ណខន្ធ ។ បរិបូណ៌តែប៉ុណ្ណេះ ។
អានិសង្សព្រះត្រៃលក្ខណ
គ្រានេះនឹងបានវិសជ្ជនារឿងអានិសង្សធម៌ព្រះត្រៃលក្ខណ៍ សម្ដែងតាមគម្ពីរសព្វទានានិសង្ស ដោយព្រះបាលីថាដូច្នេះ ទុក្ខំសត្តរសកប្បំ ប្រែជាសេចក្ដីថា អ្នកឯណាមួយមានចិត្តជ្រះថ្លា សទ្ធាបានភាវនាគិតនឹកដល់ ទុក្ខំ អ្នកនោះបានផល ១៧ កប្ប ។
អនិច្ចំអដ្ឋារសកប្បំ បើអ្នកឯណា ១ មានចិត្តជ្រះថ្លាសទ្ធាបានភាវនាគិតនឹកដល់ព្រះ អនិច្ចំ អ្នកនោះបានផលអានិសង្ស ១៨ កប្ប ។
អនត្តាវីសតិកប្បានិ បើអ្នកឯណា ១ មានចិត្តជ្រះថ្លាសទ្ធាបានភាវនាគិតនឹកដល់ព្រះ អនត្តា អ្នកនោះបានផលអានិសង្ស ២០ កប្ប ។
ចប់បរិបូណ៌ហើយ
ធ្វើជាពាក្យកាព្យបន្តិច
អាសូររូបា រូបសត្វភាសា កើតឡើងមិនទៀង មរណមកកាត់ រូបសត្វរៀបរៀង គ្មានរូបណាទៀង សល់ដល់មួយឡើយ ។ អាសូររូបរស់ កើតឡើងស្មានស្មោះ ជាមនុស្សបានហើយ តែងប្រែរកក្ស័យ ជីពជន្មឥតស្បើយ គ្មានរូបណាឡើយ នឹងជួយរូបបាន ។