ល្បើកឡាហ្វុងតែន
រឿងល្បើកឡាហ្វុងតែន (Les Fables de Jean de La Fontaine)
ប្រែពីភាសាបារាំង
លោក ផេង ជ្រីវ
(ទស្សនាវដ្តីកម្ពុជសុរិយា ១៩៦៤)
ម្រឹត្យូវ និង អ្នកកាប់ឧស[កែប្រែ]
មានបុរសកំសត់ទុគ៌តម្នាក់ រកស៊ីកាប់ឧសលក់ ។ ថ្ងៃមួយកំពុងតែលីឧសមួយបាច់ ទាំងមែកទាំងស្លឹកយ៉ាងធ្ងន់ ខ្លួនក៏ចាស់ ថ្ងូរផង ដើរផង ខ្នងកោង ៗ ក្បាលងក់ ៗ លើកជើងបោះជំហានស្ទើរមិនរួច គាត់ខំប្រឹងទៅឲ្យដល់ខ្ទមកន្រ្ទួចរុំសុទ្ធតែផ្សែងភ្លើង ។ ដោយនឿយព្រួយពេក អស់កម្លាំងស្ទើរដកដង្ហើមមិនដល់គ្នា គាត់ក៏ទម្លាក់បាច់ឧស អង្គុយគិតនឹកដល់សេចក្ដីទុក្ខលំបាករបស់គាត់ហើយពោលថាៈ «អ្នកឯងបានសេចក្ដីសប្បាយយ៉ាងណាហើយ ចាប់តាំងពីអ្នកឯងកើតមកក្នុងលោកនេះ ! បើគិតឲ្យសព្វទៅ មិនគឺអ្នកឯងហ្នឹងហើយ ដែលជាមនុស្សកំសត់ជាងគេនៅលើដីមូលនេះ ! ជួនកាលដាច់ពេល ហើយមិនដែលមានវេលាទំនេរសោះ ។ ប្រពន្ធអ្នកឯង កូនប្រុសស្រី ទាហាន ពន្ធដារសព្វគ្រប់ មេបំណុលនឹងកំណែនទាំងអស់នេះ បន្ថែមបង្ហើយនូវសេចក្ដីក្រមកលើអ្នក ហើយធ្វើឲ្យអ្នកឯងទៅជាមនុស្សលំបាកវេទនាមកដល់សព្វថ្ងៃនេះ » ។ គិតឃើញយ៉ាងដូច្នេះហើយ ទើបបុរសកំសត់ហៅម្រឹត្យូវមកកាច់យកឲ្យស្រឡះទៅ ។ ម្រឹត្យូវមកភ្លាម ហើយសួរថា ត្រូវឲ្យវាធ្វើដូចម្ដេច ។ បុរសកំសត់ឆ្លើយថាៈ «យើងហៅរកអ្នកឲ្យមកជួយលើកឧសដាក់លើស្មាបន្តិច រួចបង្អង់ ថយចេញឲ្យឆាប់ៗទៅ » ។ ទោះបីយើងចង់ស្លាប់ក៏ដោយ តែសេចក្ដីស្លាប់មកដល់ហើយ រមែងធ្វើឲ្យមនុស្សទាំងអស់ ស៊ូរងទុក្ខវេទនាជាជាងស្លាប់ៈ ហ្នឹងហើយជាបំណងរបស់មនុស្សលោក ។
La Mort et le Bûcheron (Fable n° 16, Livre I)
Un pauvre Bûcheron tout couvert de ramée,
Sous le faix du fagot aussi bien que des ans
Gémissant et courbé marchait à pas pesants,
Et tâchait de gagner sa chaumine enfumée.
Enfin, n'en pouvant plus d'effort et de douleur,
Il met bas son fagot, il songe à son malheur.
Quel plaisir a-t-il eu depuis qu'il est au monde ?
En est-il un plus pauvre en la machine ronde ?
Point de pain quelquefois, et jamais de repos.
Sa femme, ses enfants, les soldats, les impôts,
Le créancier, et la corvée
Lui font d'un malheureux la peinture achevée.
Il appelle la mort, elle vient sans tarder,
Lui demande ce qu'il faut faire
C'est, dit-il, afin de m'aider
À recharger ce bois ; tu ne tarderas guère.
Le trépas vient tout guérir ;
Mais ne bougeons d'où nous sommes.
Plutôt souffrir que mourir,
C'est la devise des hommes.
លា និង ឆ្កែ[កែប្រែ]
ត្រូវជួយគ្នាទៅវិញទៅមក នេះហើយជាច្បាប់លោកនៅលើផែនដី ។ ថ្ងៃមួយ បុរសម្នាក់បណ្ដើរលានឹងឆ្កែទៅក្នុងព្រៃ ។ ដល់ទីដំណាក់ ម្ចាស់វាឈប់ក្រោមឈើមួយដើម ហើយដេកលក់ទៅ ៗ ។ លាគិតតែស៊ីស្មៅខ្ចីលាស់ល្អនៅទីវាលមួយ ។ ក្នុងពេលនោះ ឆ្កែឃ្លានបាយពេកទើបអង្វរលាថា ៖ អាណិតគ្នាទៅ អាសំឡាញ់ ចូរឯងបន្ទាបខ្លួនមក អញនឹងបាយក្នុងកញ្ជើបបន្តិចស៊ី ដ្បិតអញឃ្លានណាស់ ។ លានៅស្ងៀមគ្មានឆ្លើយមួយម៉ាត់សោះ ខ្លាចខាតពេលស៊ីស្មៅ ឆ្កែអង្វរយូរណាស់ទើបលាឆ្លើយថាៈ អាសំឡាញ់ ! អញប្រាប់អាឯងឲ្យដឹង ចាំម្ចាស់ក្រោកឡើងពីសម្រាន្តសិន លុះលោកក្រោកឡើង ចំណែកអាឯងគង់តែមានទេ កុំភ័យឡើយ ។ ឱកាសនោះ ទទួលមានចចកចេញពីព្រៃមក ដេញខាំលាភ្លាម លាស្រែកហៅឆ្កែឲ្យជួយ ឆ្កែមិនកំរើកសោះ ឈរតែមើលធ្វើព្រងើយ ហើយស្រែកប្រាប់ទៅលាថាៈ អាសំឡាញ់ ! អញប្រាប់ឲ្យអាឯងខំរត់លឿនសិន ចាំម្ចាស់យើងក្រោកឡើង លោកមិនចេះបង្អែបង្អង់ទេ ខំផាយរត់ឲ្យលឿន បើចចកតាមទាន់ ធាក់បំបែកមាត់វាមួយជើងទៅ ព្រោះគេទើបនឹងដាក់ដែកឲ្យថ្មី ៗ បើអាសំឡាញ់ជឿតាមអញចូរឯងធាក់វាឲ្យដួលលមើល ។ ឆ្កែកំពុងតែនិយាយ ចចកហែកលាស៊ីរលីង ។ (សុភាសិតខ្មែរៈ សងសឹក ជាការកំឡៅ) ។
ត្រី និង ក្អែកទឹក[កែប្រែ]
មិនមានត្រពាំងណាមួយនៅជិតខាង ដែលក្អែកទឹកនេះមិនបានចាប់ត្រីយកមកបរិភោគសោះ បឹងបួរទាំងប៉ុន្មានត្រូវបង់ពន្ធឲ្យក្អែកទឹកគ្មានសល់ ។ ម្ហូបចំណីមានបរិបូណ៌ លុះជរាមកសង្កត់សង្កិនសត្វនេះវេលាណា ម្ហូបចំណីមានមិនគ្រប់គ្រាន់ ចាប់ត្រីមិនបាន ព្រោះខ្លួនចាស់ ក្អែកទឹកដទៃទាំងអស់ត្រូវខំប្រឹងស្វែងរកដោយខ្លួនឯង ។ ក្អែកយើងនេះចាស់ពេក មុជទឹកចាប់ត្រីមិនបាន កើតទុក្ខខ្លាំងអំពីការអត់អាហារ ។ បើដូច្នេះ តើធ្វើដូចម្ដេច ? សេចក្ដីត្រូវការនាំសត្វឲ្យបែកប្រាថ្នា ។ កំពុងតែទំលើមែកឈើ ក្អែកទឹកស្រាប់តែក្រឡេកទៅឃើញកំពឹសមួយវារគើម ៗ នៅមាត់ត្រពាំង ។ ក្អែកទឹកមានវាចាទៅកាន់កំពឹសថា នែសំឡាញ់ ! ចូរឯងនាំដំណឹងដ៏សំខាន់នេះ ទៅប្រាប់ដល់ញាតិសន្ដានឯងឲ្យបានដឹងគ្រប់គ្នាថាៈ ពេលនេះមុខជាត្រូវស្លាប់អស់ហើយ នៅតែប្រាំបីថ្ងៃទៀតម្ចាស់ត្រពាំងនឹងមកចាប់យកទៅស៊ីអស់ជាមិនខាន ។ កំពឹសប្រញាប់ត្រឡប់ទៅប្រាប់ហេតុអកុសលដល់អ្នកនៅក្នុងទឹកទាំងអស់ ។ ការជ្រួលច្របល់យ៉ាងធំកើតមានឡើងមួយរំពេច ។ ពួកសត្វទឹកទាំងប៉ុន្មានហែលមកច្រជុំគ្នា ដើម្បីរកមធ្យោបាយដោះខ្លួន ក៏សួរការណ៍នេះនឹងបក្សីថាៈ «ឱព្រះតេជព្រះគុណក្អែកទឹក លោកបានពត៌មានហ្នឹងពីណាមក? តើលោកយល់ថា ជាដំណឹងពិតឬមិនពិត ចំពោះរឿងហ្នឹង តើលោកបានដឹងពិតប្រាកដមែនឬ ? តើលោកយល់ឃើញផ្លូវដូចម្ដេចទៀត ដើម្បីដោះស្រាយឬទេ ? តើលោកយល់ឃើញផ្លូវដូចម្ដេចដើម្បីដោះស្រាយឬទេ ? តើត្រូវធ្វើដូចម្ដេចទើបស្រួល ? ។ - ក្អែកទឹកឆ្លើយថាត្រូវតែផ្លាស់កន្លែង ។ - បើដូច្នេះ យើងខ្ញុំនឹងត្រូវប្រតិបត្តិបែបណា ? ។ - អ្នករាល់គ្នាកុំព្រួយ អញធានាពាំយកអ្នករាល់គ្នាមួយម្ដង ៗ ទាល់តែអស់ទៅទុកកន្លែងអញ ហើយកន្លែងនោះមានតែអញនឹងទេព្តាទើបស្គាល់ផ្លូវ ជាកន្លែងយ៉ាងស្ងាត់ ជាត្រពាំងមួយកើតក្នុងព្រៃ មនុស្សក្បាលខ្មៅមិនស្គាល់ទេ មានតែកន្លែងហ្នឹងទេ ដែលអាចជួយអ្នករាល់គ្នាឲ្យរួចផុតពីសេចក្ដីទុក្ខបាន ។ ពួកសត្វទឹកជឿជាក់ក្នុងចិត្ត ។ ក្អែកទឹកពាំមួយម្ដង ៗ យកទៅទុកនៅកន្លែងមួយក្រោមថ្មយ៉ាងចង្អៀត មិនមានអ្នកណាទៅត្រង់ ។ ហើយក្អែកទឹកអាខូចស៊ីមួយថ្ងៃមួយ ៗ មិនបាច់នឿយព្រួយទៅមុជចាប់ក្នុងបឹង ។ (សុភាសិតៈ ចូរកុំជឿអ្នកណាដែលស៊ីខ្លួនជាអាហារ ) ។
នាងលក់ទឹកដោះ និង ក្អមទឹកដោះ[កែប្រែ]
នាង «ពែរ៉ែត» ដាក់ក្អមលើរង្វេលស្រួលហើយ ក៏លើកទូលប្រាថ្នាមិនចង់បង្អែបង្អង់ ដើម្បីឲ្យដល់ផ្សារឆាប់ ស្លៀកសំពត់ធម្មតា កង្ខើញឡើងយ៉ាងខ្លី ពាក់ស្បែកជើងបាតរាប ដើរបោះជំហានវែង ៗ កំពុងតែដើរ នាងនោះនឹកគិតតម្លៃទឹកដោះថាៈ បើអញយកថ្លៃទឹកដោះ ទៅទិញស៊ុតមាន់ មិនមែនបាន ១ រយ ! ភ្ញាស់ទៅបានបីសំបុក រឿងនោះនឹងសម្រេចដូចប្រាថ្នា ដោយការប្រឹងប្រែងឲ្យហ្មត់ចត់ ហើយចិញ្ចឹមកូនមាន់នៅជុំវិញផ្ទះ ជាការមិនពិបាកឡើយ បើកញ្ជ្រោងប្រសប់យ៉ាងដូចម្ដេច ក៏មិនលែងទុកឲ្យអញទៅទិញបានកូនជ្រូកមួយ ចិញ្ចឹមជ្រូកក៏មិនអស់កន្ទក់ប៉ុន្មាន ដល់វាធាត់ធំកាលណា អញលក់បានប្រាក់ច្រើនអញយកប្រាក់ហ្នឹងទៅទិញមេគោមួយដាក់ក្នុងក្រោល យូរទៅកើតបានកូនមួយ ដែលអញឃើញវាលោតហក់កញ្ឆេងនៅកណ្ដាលហ្វូង ។
ដល់ត្រង់នេះ នាងពែរ៉ត សប្បាយពេក ភ្លេចខ្លួន លោតដែរ ក្អមទឹកដោះធ្លាក់ខ្ពោកបែកខ្ចាយៈ លាហើយ ! កូនគោ មេគោ កូនជ្រូក កូនមាន់ ។ ពែរ៉តមុខស្ងួត ដើរចេញពីទឹកដោះដែលកំពុងហូររហាចពេញដី ហើយមកសុំអភ័យទោសពីប្ដី ព្រោះខ្លាចប្ដីវាយ ។
"នារីណាប្ដីជេរប្រទេចក្ដី ឬប្ដីសំឡឹងសំឡក់ដោយក្ដីក្រោធក្ដី នៅតែធ្វើទឹកមុខស្រស់ស្រាយញញឹម នារីនោះឈ្មោះជាស្រីគ្រប់លក្ខណ៍ ។ ស្រីណា ស្រឡាញ់ប្ដី ទោះជាប្ដីនៅក្រុង ឬនៅស្រុកព្រៃ ឬពុំនោះទេ ជាប្ដីគ្មានបុណ្យ ឬមានបុណ្យក្ដី ស្រីនោះទើបលោកទាំងមូលឲ្យសេចក្ដីសុខ ។ សេចក្ដីពិត ភស្ដាជាគ្រឿងអលង្ការនៃនារីទាំងឡាយ នារីឥតភស្ដា ឈ្មោះជាមិនមានគ្រឿងអលង្ការ បើទុកជាមានរូបល្អ ក៏ឈ្មោះថាមិនមានរូបល្អដែរ ។" (ស្រីហិតោបទេស)
យាយចាស់ និង ស្រីបម្រើពីរនាក់[កែប្រែ]
យាយចាស់ម្នាក់ មានស្រីបម្រើពីរនាក់ ។ នាងទាំងពីរ ត្រូវតែរវៃនឹងខោរអម្បោះរាល់ថ្ងៃ គ្មានឈប់ទំនេរ ។ យាយចាស់គ្មានព្រួយអ្វី ក្រៅតែពីចែកមុខងារ ឲ្យនាងទាំងពីរធ្វើប៉ុណ្ណោះ ។ កាលណាព្រះអាទិត្យបំរុងនឹងរះ រហាត់ត្រូវតែវិល ខ្នារអម្បោះត្រូវឲ្យមាន គឺថា ត្រូវតែឲ្យមានការធ្វើ ឥតឈប់ឈរឲ្យសោះ ។ កាលណាមេឃក្រហមឯកើត មាន់ឈ្មោលចង្រៃមួយ ចាប់រងាវភ្លាមយាយចាស់យើង ចង្រៃជាងមាន់ទៅទៀត ចាប់ស្លៀកសំពត់ក្អែលក្រខ្វក់គួរឲ្យខ្ពើម អុជចង្កៀងកាន់ដើរតម្រង់ទៅគ្រែដែលស្រីបម្រើទាំងពីរកំពុងតែដេក តាមអំពើចិត្តនឹងយ៉ាងឆ្ងាញ់ ។ នាងមួយបើកភ្នែកព្រឹមៗ នាងមួយ លាតសន្ធឹងដៃម្ខាង ហើយនាងទាំងពីរនេះ ក្ដៅចិត្តពេក ទើបនិយាយរងំៗថា អាមាន់ចង្រៃ! អាឯងទៀងតែស្លាប់មិនខាន! ថាដូច្នោះហើយ ស្រីបម្រើទាំងពិរលបទៅចាប់មួលកមាន់ស្លាប់ ដែលជាសត្វសម្រាប់រងាវដាស់រាល់ព្រឹកនោះ ។ ឃាតកម្មនេះ មិនបានធ្វើឲ្យមានការចម្រើនអ្វីដល់ខ្លួនសោះ មានតែទម្លាក់ទម្ងន់មកលើអាត្មាលើសមុនថែមទៀត គឺថាផ្ទុយទៅវិញស្រីបម្រើទើបតែនឹងដេក យាយចាស់ ដោយបារម្ភខ្លាចក្រែងហួសម៉ោង ក៏ដើរកុបៗ ដូចជាម្រិញគង្វាល ពេញទាំងផ្ទះ (ដាស់ស្រីបម្រើឲ្យឡើងធ្វើការ) ។ ដូច្នេះហើយ បានថាៈ ជាញឹកញយណាស់ កាលណាគេគិតនឹងដោះខ្លួនឲ្យចេញរួចពីកិច្ចការដ៏អាក្រក់អ្វីមួយ (ជួនកាល) គេរឹតចូលកាន់តែជ្រៅលើសមនុស្សថែមទៀត ភស្ដុតាងដូចស្រីបម្រើទាំងពីរដែលត្រូវទទួលរង្វាន់ធ្ងន់លើសមុន ។ លុះអត់ពីមាន់ទៅ (គ្មានអ្វីជាគោល) យាយចាស់ធ្វើឲ្យស្រីបម្រើមានការលំបាកច្រើនហួសប្រមាណ ។
មនុស្សព្រៃ និង អ្នកដំណើរ[កែប្រែ]
នៅរូងភ្នំ មនុស្សព្រៃនឹងកូន រៀបចំបរិភោគបបរ ដោយលើកភាជន៍ហុត ។ គេបានឃើញប្ដីប្រពន្ធនឹងកូន នាំគ្នាអង្គុយលើស្មៅគ្មានកម្រាលគ្មានសំពត់អ្វីឡើយ តែទាំងអស់គ្នា បរិភោគយ៉ាងឆ្ងាញ់ ។ (ឱកាសនោះ) មានអ្នកដំណើរម្នាក់ រងាញាក់ចូលទៅក្នុងរូងនោះ ដើម្បីសុំជ្រកភ្លៀង ។ មនុស្សព្រៃក៏អញ្ជើញអ្នកដំណើរឲ្យបរិភោគបបររបស់ខ្លួនជាមួយ ។ ភ្ញៀវក៏ព្រមទទួលតាមសេចក្ដីអញ្ជើញឥតបង្អែបង្អង់ ។ ដំបូងអ្នកនេះ កំដៅម្រាមដៃខ្លួន ដោយផ្លុំខ្យល់ដាក់ ។ រួចគាត់ផ្លុំដាក់ចានបបរក្ដៅ ដែលគេហុចឲ្យមកនោះទៀត ។ ឃើញដូច្នោះ មនុស្សព្រៃងឿងឆ្ងល់ ទើបសួរថា "អ្នកធ្វើយ៉ាងនេះ ប្រយោជន៍អ្វី? “ ។ អ្នកដំណើរឆ្លើយប្រាប់ "ផ្លុំដំបូង ដើម្បីកម្ដៅដៃរបស់ខ្ញុំ ផ្លុំម្ដងទៀត ដើម្បីធ្វើឲ្យបបរត្រជាក់" ។ មនុស្សព្រៃពោលថាៈ "អ្នកត្រូវបន្តដំណើររបស់អ្នកទៅទៀតចុះ " ។ ទេព្ដាអើយ! ខ្ញុំមិនអាចអាស្រ័យដំណេកក្នុងផ្ទះជាមួយអ្នកបានទេ ។ ចូរថយចេញ លោកអ្នកណា ដែលមានមាត់អាចផ្លុំក្ដៅផងត្រជាក់ផងបាន ។
ខ្លាឃ្មុំ និង មិត្រពីរនាក់[កែប្រែ]
មិត្រពីរនាក់ ដោយត្រូវការប្រាក់ជាប្រញាប់ ក៏ទៅនិយាយលក់ស្បែកខ្លាឃ្មុំនៅរស់ (មិនទាន់ចាប់បាន) នឹងអ្នកជិតខាង ជាអ្នកជំនួញស្បែកសត្វមានរោម ។ លុះនិយាយត្រូវថ្ងៃគ្នា ព្រមទាំងចុះកិច្ចសន្យាហើយមិត្រទាំងពីរក៏ចេញស្វែងរកខ្លាឃ្មុំ ហើយប្រទះឃើញមួយយ៉ាងធំ រត់ដាក់មក អ្នកទាំងពីរភ័យស្លុត ដូចជារន្ទះបាញ់ត្រូវ។ អាម្នាក់ស្ទុះឡើងទៅពួនឯចុងឈើទាន់ អាម្នាក់ទៀត ភ័យត្រជាក់ខ្លួនស្រេងគិតអ្វីមិនទាន់ ក៏ដេកផ្កាប់មុខធ្វើជាស្លាប់ ព្រោះបានឮគេនិយាយថា ខ្លាឃ្មុំមិនសូវដែលស៊ីខ្មោចស្លាប់ស្រាប់ទេ ។ ខ្លាឃ្មុំឃើញមនុស្សដេកស្រប៉ាបនៅដី ក៏ស្មានជាមនុស្សស្លាប់មែន ។ ដោយខ្លាចគេបោកបញ្ឆោត វាដើរទៅចាប់បង្វិលតៅ បង្វិលមក ដើម្បីពិនិត្យមើលហើយថែមទាំងយកច្រមុះទៅជិតហិតដង្ហើមមើលផង ។ ខ្លាឃ្មុំនិយាយថាៈ ប្រាកដជាខ្មោចមែន ត្រូវតែថយចេញ ព្រោះធុំក្លិនហើយ ។ ពោលដូច្នោះហើយ ខ្លាឃ្មុំដើរចូលទៅក្នុងព្រៃជិតខាងបាត់ទៅ ។ មិត្រម្នាក់ដែលឡើងដើមឈើ ត្រឡប់ចុះមកវិញ រត់ឆ្ពោះទៅរកមិត្ររបស់ខ្លួន ហើយនិយាយថា ជាការអស្ចារ្យពេកណាស់ហើយ ដែលគ្រាន់តែបានភ័យប៉ុណ្ណេះ រួចគេសួរបន្ថែមថាៈ អើ! ចុះម្ដេចទៅ ស្បែកវានោះ? វាខ្សឹបដាក់ត្រចៀកមិត្រឯង ថាម្ដេចខ្លះ? ព្រោះឃើញវាចូលទៅជិតណាស់ ហើយចាប់បង្វិលមើលមិត្រឯងនឹងជើងវាផង ។ វាបានប្រាប់អញថាៈ មិនត្រូវលក់ស្បែកខ្លាឃ្មុំ ដែលគេមិនទាន់សម្លាប់នោះទេ ។
សត្វសិង្ហ និង ព្រានព្រៃ[កែប្រែ]
មនុស្សអំនួតម្នាក់ ជាអ្នកលេងខាងបាញ់ ទើបបាត់ឆ្កែពូជល្អមួយ ហើយសង្ស័យក្រែងសិង្ហចាប់ស៊ី ក៏ទៅជួបនឹងអ្នកគង្វាលពពែរួចសួរថា់ សូមមេត្តាប្រាប់ខ្ញុំឲ្យដឹងនូវទីកន្លែងនៃអាមេចោរលួចឆ្កែខ្ញុំផង ខ្ញុំនឹងសងសឹកឆ្កែខ្ញុំឲ្យបាន ។
អ្នកគង្វាលពោលថាៈ ន៏វានៅភ្នំនុ៎ះ ខ្ញុំតែជូនចៀមមួយឲ្យដល់វាទុកជាសួយរាល់ខែ បានជាខ្ញុំអាចគោចរបាននៅទីវាល តាមសេចក្ដីប្រាថ្នា ហើយខ្ញុំបានសុខអំពីរឿងនេះដែរ ។
ក្នុងពេលដែលជនទាំងពីរនាក់ កំពុងតែសន្ទនាគ្នា ស្រាប់តែសិង្ហមួយចេញមក ដើរយ៉ាងរហ័សមករក ។
អ្នកអំនួតស្ទុះរត់ក្លេត ហើយស្រែកបន់ថា៖ ឱព្រះគុណទេព្ដាអើយ! សូមលោកមេត្តាជួយបង្ហាញប្រាប់ខ្ញុំ នូវកន្លែងណាមួយ ដែលអាចឲ្យខ្ញុំរួចរស់ជីវិតបាន ។
ដែលហៅថា មានសេចក្ដីក្លាហានដ៏ពិតប្រាកដនោះ គឺនៅត្រង់ដែលមានគ្រោះភ័យ ជាបន្ទាន់នោះឯង ។ ឧទាហរណ៍ ដូចអ្នកអំនួតដែលថាខ្លួនស្វែងរកសិង្ហ ស្រាប់តែផ្លាស់ប្ដូរពាក្យសំដី រួចស្ទុះរត់ភ្លាមទៅពេលដែលឃើញសិង្ហមក ។
"គួរគប្បីឲ្យមួយរយ តែមិនគួរធ្វើឲ្យកើត វិវាទមួយទេ នេះជាមតិនៃអ្នកប្រាជ្ញ សូម្បីមិនមានចូលហេតុអ្វី ជាមាំមួន ហើយ ក៏ធ្វើវិវាទដែរ នេះជាលក្ខណៈ មនុស្ស ។ " ស្រង់ពីសៀវភៅស្រីហិតោបទេស