អត្ថប្រយោជន៍របស់ទឹកឃ្មុំ

ពីវិគីភីឌា

អត្ថប្រយោជន៍ ៨យ៉ាង របស់ទឹកឃ្មុំ[កែប្រែ]

ទឹកឃ្មុំមានប្រយោជន៍ច្រើនណាស់ចំពោះសុខភាពមនុស្សយើងដូចជា សម្រាប់ព្យាបាលជំងឺផ្សេងៗរួមទាំងប្រយោជន៍ក្នុងការថែរក្សាសម្រស់ ពិសេសស្បែកមុខទៀតផង។ តើទឹកឃ្មុំ មានប្រយោជន៌ និងគុណសម្បតិ្តអ្វីខ្លះ?

១- ទឹកឃ្មុំជួយរក្សាតុល្យភាពរាងកាយ និងរក្សាទម្ងន់: អ្នកដែលមានបញ្ហាឈឺសន្លាក់ដៃជើង ឈីឆ្អឹងឆ្អែង សរសៃទាញញឹកញាប់ ឬរោគធាត់ក៏អាចទទួលទានទឹកឃ្មុំ ដើម្បីជួយបន្ថយជំងឺផ្សេងៗបានដែរ

វិធី: យកទឹកឃ្មុំ ៣ស្លាបព្រា លាយផ្សំជាមួយទឹកខ្មេះ និងទឹកប៉ោម ៣ស្លាបព្រា កាហ្វេលាយទឹកសុទ្ឋ ១កែវ ទទួលទានរៀងរាល់ព្រឹកក្រោយភ្ញាក់ពីដំណេក និងនៅចន្លោះពេលបាយជាប្រចាំរាល់ថ្ងៃ វានឹងជួយធ្វើអោយរាងកាយរបស់អ្នកមានសុខភាពមាំមួន។

២- មុខស្ងួតបែកស្រកា: ស្ត្រីដែលមានស្បែកមុខក្រៀមស្ងួត សូមយកស៊ុត ១គ្រាប់ គោះយកផ្នែកក្រហមលាយជាមួយទឹកឃ្មុំ ១ស្លាបព្រា កូរបញ្ចូលអោយសព្វហើយលាបបំពោកលើផ្ទៃមុខទុកចោល ប្រហែល១០នាទី បន្ទាប់មក សឹមលាងសម្អាតចេញវិញដោយទឹកស្អាត។

៣- ទឹកឃ្មុំផ្សះមុនខ្យាច់លើផ្ទៃមុខ: ត្រូវអនុវត្តក្រោយពីលុបលាងមុខដោយទឹកក្តៅអ៊ុនៗ រួចជូតអោយស្ងួតបន្ទាប់មក យកចេកអំបូង មួយកំណាត់ផ្លែ កិនលាយជាមួយទឹកឃ្មុំ ហើយលាបលើផ្ទៃមុខទុកចោល ពី១០-១៥ នាទី ទើបសិមលាងចេញវិញ។ ដោយសារ ទឹកឃ្មុំមានអង់ហ្ស៊ីមអាចធ្វើអោយស្បែកមុខរបស់អ្នកមានសំណើមត្រជាក់ និងជួយបំប៉នស្បែកអោយសខ្ចីក្មេងជាងវ័យ។

៤- សក់ជំពាក់ជំពិនពិបាកថែទាំសិត: ត្រូវ សាកល្បងរូបមន្តនេះមើលក្រោយ ពីកក់សក់រួចយកទឹកឃ្មុំលាយជាមួយប្រេងអូលីវដោយមួយមុខៗ ៣ស្លាបព្រាលាយអោយសព្វសរសៃសក់ ហើយទុកចោល ៣-៥នាទី ទើបសឹមលាងចេញវិញដោយទឹកស្អាតនោះសរសៃសក់នឹងទន់ល្មើយគួរអោយស្រឡាញ់។

៥- គេងមិនលក់ :សូមយកទឹកឃ្មុំលាយជាមួយទឹកក្តៅអ៊ុនៗ ឬទឹកដោះគោដាក់កម្តៅអោយក្តៅ ហើយពិសាមុនពេលចូលគេងនោះ វានឹងជួយអោយអ្នកគេងបានលង់លក់ស្រួល។

៦- ដុសខាត់ស្បែកដោយវិធីងាយៗ: គឺគ្រាន់តែយកទឹកឃ្មុំលាយផ្សំជាមួយផ្លែប៉ោមកិនក្រឡុកបញ្ចូលគ្នាលាបអោយសព្វលើផ្ទៃមុខដោយថ្នមៗភាពគ្រើមរបស់ផ្លែប៉ោមអាចជួយកម្ចាត់កោសិកាស្បែកចាស់ចេញ ផ្លាស់កោសិកាស្បែកថ្មីឡើងមកមានភាពភ្លីថ្លា។

៧- រូបមន្តបំបាត់ស្នាមជ្រីវជ្រួញត្រង់កន្ទុយភ្នែក: យកការ៉ុត ១មើមបកសំបកចេញ ហើយកិនក្រឡុកអោយម៉ដ្ឋដោយលាយផ្សំជាមួយទឹកឃ្មុំ បន្ទាប់មកលាបបំពោកអោយសព្វលើផ្ទៃមុខទុកចោលពី ៥-១០នាទី រួចហើយសឹមលុបលាង ចេញវិញ នោះស្មាមជ្រីវជ្រួញនឹងបាត់ទៅបន្តិចម្តងៗពីលើផ្ទៃមុខរបស់អ្នក។

៨ - អាការឈីកស្ងួតបំពង់ក: ដើម្បីបំបាត់អាការនេះ គ្រាន់តែផ្សំទឹកក្រូចឆ្មារ មួយផ្លែ ជាមួយទឹកឃ្មុំ ២ ទៅ៣ស្លាបព្រាបាយ និងទឹកក្តៅ ២ស្លាបព្រាបាយ ពិសាដោយ ក្រេបបន្តិចម្តងៗ ដើម្បីបំបាត់អាការឈី ក្នុងបំពង់ក។ បើពិសាមិនអស់ទេអាចយកទៅលាបមុខក៏បាន ដោយលាបទុករយៈពេល ១០-១៥ នាទីទើបសឹមលុបលាងមុខចេញវិញដោយទឹកស្អាត នោះស្បែកមុខរបស់អ្នកនឹងសរលោងតឹងណែនជាមិនខាន។

អត្ថប្រយោជន៍ផ្សេងទៀតរបស់ទឹកឃ្មុំ[កែប្រែ]

> ចំពោះមនុស្សចាស់ វាជួយបន្ថយស្លេស្ម ឬជួយកម្លាំង

មួយ ឬពីរស្លាបព្រាកាហ្វេ លាយនឹងទឹកពុះមួយកែវ ទុកឲ្យនៅក្ដៅតិចៗ សឹមហូប

> ទឹកឃ្មុំជួយដល់បញ្ហាមិនមានកូនទាំងខាងមនុស្សប្រុស ទាំងមនុស្សស្រី។

ទឹកបីភាគ ទឹកឃ្មុំមួយភាគ ដាំឲ្យពុះ រម្ងាស់ដោយភ្លើងតិចៗ រហូបដល់នៅសល់តែពីរភាគបី

ឬពិចារណាលាយទឹកឃ្មុំជាមួយនឹងទឹកដោះគោស្រស់ដែលក្ដៅអ៊ុនៗ

> ទឹកឃ្មុំ ១ស្លាបព្រាបាយ លាយជាមួយទឹកក្រូច (orange juice) និងអំបិលបន្តិច សម្រាប់អ្នកជំងឺផ្លូវដង្ហើមដូចជា ហឺត រលាកទងសួត របេង ឬអាការៈក្អកពិបាកខាកស្លេស្ម (ស្លេស្មស្អិត)។

> ទឹកឃ្មុំក៏ល្អសម្រាប់អការៈបេះដូងលោតញាប់

> ហើមពោះ ឬពោះប៉ោងធំដោយសារខ្សោយក្រពះពោះវៀន៖

ទឹកឃ្មុំត្រូវបានគេជឿថាអាចជួយបង្កាអការៈហើមពោះដោយសារខ្យល់ ហើយជំរុញចលនាពោះវៀន។ ជួយពោះវៀនបញ្ចេញកាកសំណល់អាហារ ឬលាមកដែលមានក្នុងពោះវៀន។ អ្នកដែលក្រពះពោះវៀនខ្សោយ មានខ្យល់ ឬកាកសំណល់អាហារ ឬលាមកស្ទះច្រើនក្នុងពោះវៀន មិនសូវបត់ជើងធំ និងមានអការៈហើមពោះ ឬពោះប៉ោងធំ ដោយសារខ្សោយក្រពះពោះវៀន អាចពិចារណាប្រើទឹកឃ្មុំជាជំនួយ ជាមួយនឹងការព្យាបាលផ្សេងៗទៀត ដូចជាប្រយ័ត្នចាប់អារម្មណ៍ចំណីអាហារ ការហូបចុក ជាដើម​ ឧទាហរណ៍​ អាហារដែលមានខ្លាញ់ច្រេីន​ ឬអាហារដែលហូបហេីយធ្វេីឲ្យមានអការ:ភេីច្រេីន។

> បញ្ហាពិបាករំលាយអាហារ ទល់លាមក៖ ទឹកឃ្មុំហូបជាមួយស្វាយខ្ចីតូចៗដែលគ្រាប់វាមិនទាន់ធំពេញលេញ ១ ឬ២ផ្លែ ជាមួយនឹងអំបិល

> ទឹកឃ្មុំហូបជាមួយនឹងអាហារផ្សេងៗ ត្រូវបានគេជឿថាល្អសម្រាប់សុខភាព

> ទឹកឃ្មុំអាចពិចារណាលាយជាមួយនឹងទឹកសណ្ដែកសៀង (ទឹកសណ្ដែកដែលមានពណ៌ស ដែលគេលក់តាមផ្ទះក្នុងស្រុកខ្មែរ ជាទូទៅ គឺធ្វើពីសណ្ដែកសៀង, soy milk)

> ចំពោះក្មេងអាយុក្រោម ១ឆ្នាំ "មិនគួរ" ឲ្យហូបទឹកឃ្មុំទេ ព្រោះអាចប្រឈមនឹងបញ្ហាពោះវៀន ក្រោយពីហូបហើយមួយរយៈ ហៅថា Infant botulism (ក្មេងអាចមានអាការៈ ទល់លាមក ថយចុះការបៅខ្លាំង អន់បៅខ្លាំង ខ្សោយទន់)

អាចប្រឈម = អាចកើតមាន តែមិន ១០០% ថាគ្រប់ករណីដែលឲ្យក្មេងហូបទឹកឃ្មុំ គឺសុទ្ធតែកើតជំងឺនេះទាំងអស់នោះទេ តែមានហានិភ័យខ្ពស់នឹងការកើតជំងឺនេះ បើឲ្យក្មេងក្រោម ១ឆ្នាំហូប។ ដូច្នេះ ជាការណែនាំដោយផ្អែកលើចំណេះដឹងវេជ្ជសាស្រ្ត គួរតែកុំឲ្យហូប។

ការសិក្សាមួយរកឃើញថា ៩ ក្នុងចំណោមសំណាកទឹកឃ្មុំទាំង ៩០ ដែលគេបានយកទៅសិក្សា មានវត្តមាន ឬវិជ្ជមាន Spore របស់មេរោគដែលបង្កជំងឺ infant botulism

Spore របស់មេរោគដែលបង្ករជំងឺពោះវៀន Infant botulism ទាល់តែកំដៅលើសពី ១២០ អង្សារសេ... ទើបអាចសម្លាប់វាបាន។ (ទឹកពុះនៅសីតុណ្ហភាព ១០០ អង្សារសេ)

អាហារអាចទ្រទ្រង់សុខភាព។ ប៉ុន្តែការហូបអាហារខុស ក៏អាចប៉ះពាល់សុខភាព។

វេជ្ជបណ្ឌិត សេង ច័ន្ទភក្ដី

ឯកសារយោង[កែប្រែ]

1. សៀវភៅ​ FOODS THAT HEAL, The Natural Way to Good Health របស់អ្នកប្រាជ្ញនៅឥណ្ឌា​ Dr. H. K. Bakhru (តំណភ្ជាប់សម្រាប់ទិញសៀវភៅនេះពី Website Amazon)

2. Association between honey consumption and infant botulism

3. Botulism, West Virginia Department of Health & Human Resources Bureau for public health, September 2015

4. Role of honey in modern medicine

5. Incidence and Origin of Clostridium botulinum Spores in Honey, Journal of Food Protection, Vol, 44, No. 11, Pages 812-814 (November 1981)